Monday, February 11, 2019

ម្ចាស់មីល្ពៅ ប្រាប់ពីគោលបំណងធំបំផុតមួយ ទើបប្រកាសមិនទទួលការវិនិយោគដាច់ខាត

មី​ល្ពៅ​ស្នា​ដៃ​កូន​ខ្មែរ​ផលិត​នៅ​ខេត្ត​បាត់ដំបង កំពុង​ទទួល​បាន​គាំទ្រ និង​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។ ថ្មី​ៗ​នេះ យុវជន​វ័យ​ក្មេង គិម វ៉ាង ម្ចាស់​ស្នាដៃ​មី​ល្ពៅ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា ខ្លួន​មិន​ទទួល​ការ​វិនិយោគ​នោះ​ទេ។ ក្រោយ​ការ​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​ផ្អើល​តាំង​ពី​ឧកញ៉ា អ្នក​ជំនួញ អ្នក​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​ទូទៅ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកាស​របស់​រូប​គេ អ្នក​ខ្លះ​ថែម​ទាំង​រិះគន់​ក្នុង​ន័យ​ចំអក​ឡក​ឡឺយ​ទៀត​ផង។

ជួប​ជាមួយ Sabay នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តាម​រយៈ​ទូរសព្ទ យុវជន​មាន​គំនិត​ច្នៃ​ប្រឌិត​ដ៏​ប៉ិន​ប្រសប់​នេះ បាន​ប្រាប់​ពី​គោល​បំណង​ធំ​ថា មូលហេតុ​ដែល​ខ្លួន​មិន​ទទួល​ការ​វិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន និង​អ្នក​វិនិយោគ​បរទេស​ ក៏​ព្រោះ​តែ​រូប​គេ​ចង់​ពង្រឹង​សង្វាក់​ផលិត​កម្ម​របស់​ខ្លួន​ឲ្យ​រឹងមាំ ហើយ​រង់​ចាំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​វិនិយោគ​ដោយ​ផ្ទាល់។
«បាទ​បង​ខ្ញុំ​ចង់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ជា​អ្នក​វិនិយោគ​លើ​ការផលិត​មី​ល្ពៅ​នេះ ដែល​បង្ហាញ​ថា​វា​ជា​ផលិតផល​របស់​កម្ពុជា ដែល​កើត​ចេញ​ពី​ការ​ជួយ​ជ្រោមជ្រែង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ»។ នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ទៀត​ពី​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ផលិត​ចំណី​អាហារ។